(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកំសាន្តកាន់តែច្រើនដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងសំណូមពរប្រជាពលរដ្ឋព្រមទាំងខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យកាន់តែល្អប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាពក៏ដូចជាក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភណ្ឌភាពស្រស់បំព្រង ងាយស្រួលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើនឡើងដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា ការស្ថាបនាសួនច្បារដាក់ឈ្មោះសួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងសម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតក្នុងការស្វែងរកសុខសន្តិភាពដោយបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិនដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសហេដ្ឋារចនាសម្ព័ន្ធព្រោះការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយក្នុងនោះអ្នកដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។
សូមបញ្ជាក់ថា សួន «ប៉ៃលិនមរតកតេជោ» ដែលកំពុងស្ថាបនានាពេលនេះគឺមានប្រវែង ១៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិនចាប់ពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរហូតដល់ស្ពានអូរច្រាស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន៕

