(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ខ្លួនស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបទៀត។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបានស្តាប់ការលើកឡើងអំពីបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ព្រមាន និងក្រើនរំលឹកដល់មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុកទាំងអស់ត្រូវតែមើលឡើងវិញរាល់បញ្ហាដែលបានកើតឡើង នាពេលកន្លងមក មិនត្រូវទុកចោលនោះទេគឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយមជាពិសេសត្រូវខិតខំដុសខាត់លត់ដំទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋានដើម្បីអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពឈានឆ្ពោះទៅរកការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកជំទាវអភិបាលខេត្តក៏បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទដែលតែងតែបានសហការគ្នាធ្វើការងារតាមតួនាទី ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជាការរួមចំណែកដល់ខេត្តប៉ៃលិនឱ្យមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្តបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋនិងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាពនៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាប្រឈមនានាក៏ដូចជាបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះផងដែរ៕

