(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបើកវិញ្ញាសា និងលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ឱ្យខិតខំប្រឹងប្រែងប្រមូលអារម្មណ៍ឱ្យបានល្អ កុំឱ្យមានការភ័យព្រួយឡើយត្រូវតែសរសេរឱ្យបានគ្រប់សំណួរវិញ្ញាសា។
នៅក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងព្រមទាំងផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អរយៈពេល០២ថ្ងៃនេះចូលគេងសម្រាកឱ្យបានគ្រប់គ្រាន់ និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងការប្រឡងដែលស័ក្តិសមជាទំពាំងស្នងឫស្សីនឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគតរបស់យើងផងដែរ។
ម្យ៉ាងវិញទៀត ក្មួយៗ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ដូចជា ការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ៣ពេលក្នុង១ថ្ងៃ សម្រាប់អ្នកដែលមានផ្ទះនៅឆ្ងាយព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡងឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។
បើតាមការបញ្ជាក់ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះគឺប្រព្រឹត្តទៅរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហាឆ្នាំ២០២៦ ដោយនៅខេត្តប៉ៃលិនមានបេក្ខជនប្រឡងចំនួន ៦៦២នាក់ ស្រី៦៤នាក់ ស្វៃរិន ៤៣នាក់ ស្រី ៣៨៦នាក់ មាន ២៧បន្ទប់ ដោយចែកចេញជា ២មណ្ឌលក្នុងនោះផ្នែកវិទ្យាសាស្ត្រ មាន ៥បន្ទប់ ចំនួន ១២១នាក់ ស្រី ៦៤នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ២២បន្ទប់ ចំនួន ៥៤១នាក់ ស្រី៣២២នាក់៕

