(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ក.)។ កិច្ចប្រជុំនេះក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ការអនុវត្តច្បាប់ និងវិធានការឆ្លើយតបនានានាពេលកន្លងមកដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្ទាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់រាជធានី-ខេត្តឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពដោយផ្តោតលើការកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ការបង្កើនការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងការត្រួតពិនិត្យជាតិអាល់កុល និងល្បឿនបើកបរនៅតាមដងផ្លូវសំខាន់ៗ។
ជាការឆ្លើយតបលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានកត់ត្រានូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដើម្បីយកមកអនុវត្ត និងពង្រឹងកិច្ចសហការរវាងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងការធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនឱ្យនៅកម្រិតទាបបំផុតផងដែរ៕

