លោកជំទាវអភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញដោយធានាតម្លៃទីផ្សារ និងគុណភាព ប្រកបដោយទំនុកចិត្ត

(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ ការបង្កបង្កើនផលដំណាំ បន្លែក្នុងខេត្តប៉ៃលិនព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្ត និងមិនប៉ះពាល់ដល់សុខភាព។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តងគឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

លោកជំទាវបានបន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យ ជៀសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារហើយជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត សម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជាប្រទេសចិន ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម។

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានជួយទិញបន្លែរបស់កសិករ ព្រមទាំងជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែ សរីរាង្គឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *