(កំពង់ចាម)៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ចអមដំណើរដោយឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តកំពង់ចាម មន្ទីរអធិការកិច្ចខេត្តកំពង់ចាមរួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្ត កំពង់ចាមបានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្ថិតក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោកជំទាវរដ្ឋលេខាធិការថ្លែងថា ក្រសួងអធិការកិច្ចជាអធិការកិច្ចរាជរដ្ឋាភិបាលមានភារកិច្ចធ្វើអធិការកិច្ច និងចូលរួមតាមដានការអនុវត្តច្បាប់លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជាហើយការងារផ្សព្វផ្សាយច្បាប់ គឺជាយុទ្ធសាស្ត្រក៏ដូចជាភារកិច្ចដ៏សំខាន់មួយរបស់ក្រសួងទើបយើងមានពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បីសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ប្រជាពលរដ្ឋរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុខុមាលភាពព្រមទាំងជីវភាពរស់នៅក្នុងសង្គម និងដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។
លោកជំទាវបានបន្តថា ពាក់ព័ន្ធនឹងករណីចរាចរណ៍ រាជរដ្ឋាភិបាលអាណត្តិមុនដែលដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការណ៍ច្បាប់។ ការយកចិត្តទុកដាក់នេះបន្តមកសម្តេចធិបតី នាយករដ្ឋមន្ត្រីហើយសម្តេចធិបតីតែងតែក្រើនរំលឹកឱ្យមន្ត្រីអនុវត្តច្បាប់ ពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យព្រមទាំងបានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែងត្រូវតែអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។ សម្តេចធិបតីក៏បានអំពាវនាវឱ្យបន្តផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយហើយអំពាវនាវឱ្យមហាជន និងសាមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាពីព្រោះបញ្ហាចរាចរណ៍ផ្លូវគោក ជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោក ខ្លូត ចិន្ដា អភិបាលរងខេត្តក៏បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ ត្រូវបើកបរក្នុងស្មារតី ប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត៕










