មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌អញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក បានអញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌មានប្រសាសន៍ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ជាផ្នែកមួយនៃកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាព១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តម​រដ្ឋលេខាធិការក្រសួងយុត្តិធម៌​បានបញ្ជាក់ថា​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺជាយន្តការថ្មីមួយបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជាដែលមានបេសកកម្មជួយដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ អាជ្ញាធរជាតិនេះមានចក្ខុវិស័យលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ដោយផ្ដោតលើសារៈសំខាន់ ៣៖

ទី១.ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ។

ទី២.បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៣.ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ ។

គួរបញ្ជាក់ថា​ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាលជូនដល់មន្ត្រីថ្នាក់ក្រោមជាតិដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ អ.ដ.ក គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជាសំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ៖

១.ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

២.ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែងសំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *