ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ និងវាយតម្លៃចំពោះសមិទ្ធផលការងារជួយសម្របសម្រួលដោះស្រាយបញ្ហាជូនពលករវិលត្រឡប់មកពីថៃ និងការស្វះស្វែងរកការងារជូនពលករ

 

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រីប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើននាក់ផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖

ទី១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤។

ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន។

៣.បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមកលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ​ក្រុង/ស្រុកត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេគឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ​បានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករដែលទើប​វិល​ត្រឡប់មកពីប្រទេសថៃព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទដែលកន្លងមកបានសហការគ្នាធ្វើការងារតាមតួនាទីភារៈកិច្ច ប្រកបដោយការទទួលខុស​ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបម្រើ​សេវាសាធារណៈនានាបានល្អប្រសើរ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនយើងមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្តបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិនជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករដែលវិញត្រឡប់​មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន​ពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានាក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *