(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ប៉ុស្តិ៍ទួលល្វាបានចុះបង្រ្កាបជាក់ស្តែងករណីចោរកម្មលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាត់ខ្សែភ្លើង និងលួចសម្ភារៈផ្សេងៗយ៉ាងសកម្ម) ចំនួន០១ករណីខណៈនគរបាលកំពុងតែចុះបង្ក្រាបស្រាប់តែជនសង្ស័យឃើញនគរបាលចុះទៅដល់ភ្លាម ដោយស្លន់ពេកក៏បើកម៉ូតូបុកនាយប៉ុស្តិ៍នគរបាលប៉ៃលិនរងរបួស។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣:៣០នាទីរសៀល កម្លាំងនគរបាលចំណុះអង្គភាពនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនតាមមុខសញ្ញាដែលប្រព្រឹត្តបទល្មើសមានឈ្មោះ ទៀង សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានដេញដល់ចំណុចផ្លូវបែកជាបួនត្រង់ចំណុចចំការកាហ្វេស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានកាក់មុខសញ្ញានេះឱ្យឈប់ដើម្បីសួរនាំតែជនសង្ស័យមុខសញ្ញានេះមិនព្រមឈប់ម៉ូតូនោះទេ ដោយបានជិះម៉ូតូក្នុងល្បឿនលឿនបំបុកទៅលើសមត្ថកិច្ចនគរបាលគឺលោកវរសេនីយ៍ត្រី សឿ ឡងឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិនបណ្តាលឱ្យរងរបួសចំស្មងជើងខាងស្តាំ (ដេរអស់ចំនួន៥ថ្នេរ)។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយពីបុកជនរងគ្រោះរួចក៏ដួលម៉ូតូ ដោយជនសង្ស័យរត់ចូលទៅក្នុងព្រៃត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋតាមចាប់ឃាត់ខ្លួនបានតែម្តង។
លុះមកដល់ថ្ងៃទី១៧ វិច្ឆិកានេះ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចរូបគេបានឆ្លើយសារភាពថាខ្លួនធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចំនួន០៥ករណីមកហើយ និងបានប្រព្រឹត្តិអំពើលួចកាត់ខ្សែភ្លើង ចំនួន០៧លើក។ ទោះបីជាយ៉ាងណាជនរងគ្រោះដែលជាដើមបណ្តឹងចំនួន០៥នាក់ ដូចខាងក្រោម៖
ទី១- ឈ្មោះ ឆាយ ចំរើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរទាហាន រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី២- ឈ្មោះ កែវ សុវត្ថិ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៣-ឈ្មោះ ពន មុំ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៤-ឈ្មោះ រ៉ាត់ ស្រីរត្ន័ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៥-ឈ្មោះ សឿ ឡងឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) និងមានផ្ទុកនូវសារធាតុញៀន(+)។
វត្ថុតាងដែលដកហូតបានសរុបរួមមាន៖
១-ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-7425 ចំនួន០១គ្រឿង
២-ខ្សែភ្លើង០១ដុំ ប្រហែល៥០ម៉ែត្រ
៣-ដែកចន្ទាសឡាន ចំនួន១០ដើម
៤-ដុំឌីណាម៉ូភ្លេីង ចំនួន០៣ដុំ
៥-អាគុយបាស់ ចំនួន០១ដុំ
៦-ដែកដឺរ៉ា ចំនួន០៣ដុំ ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង០៥នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ ហើយករណីនេះ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តនីតិវិធីច្បាប់៕









