ខេត្តប៉ៃលិនទទួលបានជ័យលាភីជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» 

(ខេត្តប៉ៃលិន)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស (Marianna Trias) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ ស.ស.យ.ក (សហភាពសហព័ន្ធយុវជនកម្ពុជា) ខេត្តប៉ៃលិន។

នេះជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណាដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ដំណើរដែលឈានទៅដល់ការទទួលបានជ័យលាភីនេះ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនលើកឡើងថា អាជ្ញាធរខេត្តបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារីរួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង។ លើសពីនេះ ជ័យលាភីនេះក៏មកពីការចូលរួមខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករនៃសេវាកម្មផ្សេងៗ រួមទាំងប្រជាពលរដ្ឋទាំងអស់ជាពិសេសក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លិកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

លោកអភិបាលរងខេត្តបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ដែលបានខិតខំជំរុញការងារ ទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅក្រុងប៉ៃលិនព្រមទាំង បានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារីរួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យ វាយតម្លៃជាក់ស្ដែងលើការអនុវត្តគោលការណ៍ណែនាំស្ដីពីការរៀបចំទីក្រុងទេសចរណ៍ គ្មានផ្សែងបារីនាពេលកន្លងមករហូតទទួលបានការគាំទ្រ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះគួរជាទីមោទនៈ។

លោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអបអរសាទរក្នុងការប្រកាសជ័យលាភិក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីគឺជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍បានល្អប្រសើរហើយជ័យលាភីគឺមានការទទួលស្គាល់ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ផងដែរ។ ម្យ៉ាងវិញទៀត ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះមិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈតាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់មកលើសង្គមជាតិទាំងមូលទៀតផង។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តប៉ៃលិនដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌, ទេសចរណ៍ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិនសម្រាប់ឆ្នាំ២០២៦-២០៣០ ដែលទើបនឹងដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។

ដូច្នេះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅថ្ងៃនេះគឺជាមោទនភាព និងបានជាតម្លៃបន្ថែមខ្ពស់មួយទៀតសម្រាប់ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

Leave a Reply

Your email address will not be published. Required fields are marked *