កិច្ចព្រមព្រៀងនេះមានចំនួន ៣៤មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រាត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបចាប់ពីឆ្នាំ២០១៦។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍រួមមាន (១) បង្ហាញពីសុច្ឆន្ទៈល្អ និងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិលព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបតាមរយៈជើងហោះហើរដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៤) បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុតនៅកម្ពុជាជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន (៥) ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប និង(៦) បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏ធំមួយរវាងអាស៊ាននិងសហភាពអឺរ៉ុបសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិដែលតំណាងឱ្យ ៣៧ប្រទេសរួមមាន អាស៊ាន ១០ប្រទេស និងសហភាពអឺរ៉ុប២៧ប្រទេស ហើយមានលក្ខណៈទូលំទូលាយ និងបើកចំហរទីផ្សារនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះមានរដ្ឋភាគីចំនួន ១៤ប្រទេស បានផ្តល់សច្ចាប័នរួចហើយដែលក្នុងនោះរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១២ប្រទេសរួមមាន ឆែក អេស្តូនី អៀរឡង់ អេស្ប៉ាញ បារាំង លីទុយអានី លុចសំបួ ហុងគ្រី អូទ្រីស រូម៉ានី ស្លូវេនី និងស្លូវ៉ាគី ហើយរដ្ឋសមាជិកអាស៊ានចំនួន២ប្រទេស រួមមាន ឡាវ និងសិង្ហបុរី៕
