(ខេត្តប៉ៃលិន)៖ ក្រោយពីមានការផ្ទុះករណីរឿងសាច់បង្កកដែលក្រុមឈ្មួញបាននាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) រាប់សិបតោនត្រូវបានសមត្ថកិច្ចជំនាញរកឃើញនៅរាជធានីភ្នំពេញដែលជាកន្លែងបោះដុំ និងលក់ចែកចាយតាមបណ្តាខេត្តនានាទូទាំងប្រទេស ទើបមកដល់ពេលនេះអាជ្ញាធរក្រុងប៉ៃលិនធ្វើការចុះត្រួតពិនិត្យអប់រំណែនាំដល់អាជីវករជាច្រើនកន្លែងនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
បើតាមប្រភពព័ត៌មានពីលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា តាមការណែនាំយ៉ាងយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវតែប្រុងប្រយ័ត្នទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋពិសេសគឺចំណីអាហារគ្រឿងឧបភោពបរិភោពដែលដាក់តាំងលក់នៅតាមផ្សារនានាត្រូវតែមានគុណភាពមានអនាម័យមិនត្រូវយកទំនិញខូចគុណភាពលក់ជូនអតិថិជនឡើយ។
លោកអភិបាលក្រុងបានណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវដឹងពីប្រភពទំនិញមានវិក័យបត្រត្រឹមត្រូវហាមយកទំនិញដែលឈ្មួញនាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) ហាមលក់ជាដាច់ខាត។
ជាលទ្ធផលទាំងអ្នកលក់នៅតាមផ្សារចំនួន៣ទីតាំងលក់តាមរទេះ និងរថយន្តសុទ្ធតែមានប្រភពច្បាស់លាស់ និងជាទំនិញផលិតនៅក្នុងប្រទេសខ្មែរ៕








