ជនជាតិចិនស្រវឹងស្រាជោកជាំបើកបររថយន្តបុកម៉ូតូសិស្សសាលាបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់ជើង និងបែកក្បាល

(ខេត្តប៉ៃលិន)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរថយន្តមួយគ្រឿងបើកបុកម៉ូតូពីមុខខាងស្តាំពេញទំហឹងបណ្ដាលឱ្យសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ជើង និងបែកក្បាល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយជនជាតិចិនម្នាក់ ឈ្មោះ ហ្វាង ជីនឈាង ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកនៅរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅភូមិអូរអិល។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជនបង្កត្រូវបានគេសង្ស័យថា បានបើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រា មុននឹងបើកបរបុកពេញទំហឹងទៅលើជនរងគ្រោះដែលកំពុងបើកបរម៉ូតូតាមបណ្តោយដងផ្លូវជាតិក្នុងទិសដៅច្រាស់គ្នា។

ប្រភពបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ដារា ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តប៉ៃលិនដើម្បីបន្តនីតិវិធី។ ចំណែកឯជនបង្កជាជនជាតិចិនត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានស៊ើបអង្កេតកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

 

Leave a Reply

Your email address will not be published. Required fields are marked *