(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកិច្ចប្រជុំពិសេសដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអង្គភាពជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងប្រសិទ្ធិភាពការងារក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានាដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានាមួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្នដែលមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នាមានជីវភាពធូរធារដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគិតគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិ-ឃុំស្រុក-ខេត្តនៅទូទាំងប្រទេសហើយទាំងអស់នេះមិនអាចប្រកែកបានឡើយគឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជនស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕







