(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បាននាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ១៧១គ្រួសារដែលរងគ្រោះដោយទឹកជំនន់មកពីបួនឃុំនៅក្នុងស្រុកកោះសូទិន។
បើតាមលោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន បានឱ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ទន្លេមេគង្គគិតត្រឹមថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥ ធ្វើឱ្យប៉ះពាល់ និងមានការខូចខាតដំណាំស្រូវនៅតាមបណ្តាឃុំមួយចំនួន និងប៉ះពាល់ដំណាំរួមផ្សំចំនួន ១៤៧ ហិកតា និងខូចខាតវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបាក់ច្រើនទន្លេប្រវែង ៥៤៥ម៉ែត្រផងដែរ ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍សម្ដែងនូវការសោកស្ដាយចំពោះបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមដែលលោកទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។
ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករបន្ទាប់ពីទទួលបានអំណោយដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផលដោយស្ថានភាពទឹកទន្លេមេគង្គបានស្រកជាបន្តបន្ទាប់ហើយដោយត្រូវមើលអំពីដំណាំដែលត្រូវដាំដុះឱ្យទាន់ស្ថានភាពទឹកកំពង់ស្រក និងត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋាន ដើម្បីជួយប្រឹក្សាយោបល់ផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះផ្ដាំផ្ញើផងដែរចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាពហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឱ្យបានទាន់ពេលវេលា៕









