(ខេត្តប៉ៃលិន)៖ បើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តប៉ៃលិនមិនទាន់មានឡើងកម្ដៅខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ដូច្នេះកងកម្លាំងនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលប៉ុន្តែរង់ចាំស្ដាប់ទទួលបទបញ្ជាពីរដ្ឋាភិបាល និងអគ្គមេបញ្ជាការជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការការពារប្រទេសជាតិ និងប្រពលរដ្ឋកម្ពុជា។
ឯកឧត្តម អ៊ី ឈាន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានលើកឡើងដូច្នេះ នៅក្នុងពេលដែលឯកឧត្តម និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងឈរជើងនៅព្រំដែនខេត្តប៉ៃលិន កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានឱ្យដឹងថា នាយឧត្ដមសេនីយ៍ អ៊ី ឈាន ដែលធ្លាប់មានបទពិសោធន៍ដ៏ស្ទាត់ជំនាញទៅលើការបញ្ជាកងទ័ពនៅខេត្តប៉ៃលិនក៏បានថ្លែងលើកដូច្នេះថា «បច្ចុប្បន្ននេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិនមានស្ថានភាពធម្មតា និងល្អប្រសើរដោយមិនមានឡើងកម្តៅខ្លាំងដូចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តនានាមួយចំនួនដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនោះទេប៉ុន្តែកងកម្លាំងប្រដាប់អាវុធទាំងអស់បានរក្សានូវភាពស្ងៀមស្ងាត់គឺរង់ចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីថ្នាក់លើគឺមេបញ្ជាការ និងប្រមុខរាជរដ្ឋាភិបាលហើយបានតាំងចិត្តយ៉ាងមុតមាំ និងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចសម្រាប់បេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនខ្មែរ។»។
ប្រភពដដែលបានបន្ថែមថា នាយឧត្តមសេនីយ៍ អ៊ី ឈាន បានបណ្ដុះទឹកចិត្តស្នេហាជាតិ និងត្រូវហ៊ានពលីបូជាជីវិត ដើម្បីការពារជាតិ និងទឹកដីរបស់ខ្លួនឱ្យបានគង់វង្សខណៈដែលខ្មាំងសត្រូវកំពុងតែធ្វើការឈ្លានពានឥតឈប់ឈរ។
នាយឧត្ដមសេនីយ៍ អ៊ី ឈាន បានសង្កត់ធ្ងន់ដែរថា « បើជាតិមានឧបសគ្គ យើងជាមេទ័ពត្រូវតែហ៊ានលះបង់បូជាជីវិតមុនយុវជនរបស់យើងដើម្បីបង្ហាញពីភាពរឹងមាំ ការស្នេហាជាតិ ស្នេហាមាតុភូមិ ទឹកដីរបស់យើងឱ្យបានគង់វង្សដរាបតទៅ។ ខ្ញុំសុខចិត្តស្លាប់មុនជាតិដើម្បីជាតិមានសេចក្ដីសុខព្រោះបើជាតិស្លាប់មុនយើង តើយើងរស់នៅមានតម្លៃអ្វីទៀត?»។
ប្រភពបញ្ជាក់ទៀតថា នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាន និងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបានក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនជាពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ចជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រានមានជីវិតល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិរឹងមាំនានាជាច្រើនទៀតដើម្បីបុព្វហេតុបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដីទុកជាកេរ្តិ៍ប្រវត្តិសាស្រ្តជូនកូនចៅជំនាន់ក្រោយ។
ហើយក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក៏បានផ្តល់អំណោយរថយន្តចំនួន០៣គ្រឿង ទោចក្រយានយន្តចំនួន២១គ្រឿងរួមទាំងសម្ភារៈបរិក្ខារ ស្បៀងអាហារ និងថរិកាជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន និងកម្លាំងចល័តអន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាពនៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិនផងដែរ៕









