(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមរួមជាមួយប្រធានក្រុមការងារគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តបាននាំយកសម្ភារ និងបច្ច័យទៅចូលរួមរំលែកមរណទុក្ខ ៥គ្រួសារ មានអ្នកស្លាប់ជាមនុស្សវ័យ ចាស់ ១នាក់ ស្ត្រីមានផ្ទៃពោះ ១នាក់ ក្មេងជំទង់ និងកុមារ ៧នាក់ ទីលំនៅស្ថិតនៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ដែលបានរងគ្រោះដោយអំពើមនុស្សឃាតស្លាប់ក្នុង អគ្គីភ័យ និងអារកសម្លាប់បង្កដោយជនសង្ស័យតែម្នាក់ឈ្មោះ សុបិន្ត មិនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅប្រសារ ជាប្តី ជាបងថ្លៃនៃសព កាលពីម៉ោង ០៥:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ម្តាយ កូន ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូបពិសេស ជនរងគ្រោះ ជនងាយរងគ្រោះដោយមិនរើសអើងហើយតែងបានចាត់តំណាងរបស់សម្តេចឱ្យចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះបានទាន់ពេលវេលាតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកជំទាវ ប៉ាង ដានី ក៏បានក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ និងក្រុមគ្រួសារឱ្យទប់ចិត្ត ទប់អារម្មណ៍ឱ្យបាននឹងនរហើយខិតខំថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានល្អតាមទិសស្លោក “ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ” និងចូលរួមពង្រឹងភាពស៊ាំសហគមន៍ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរដូវរងារនេះ។ លោកជំទាវ និងក្រុមការងារក៏បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្តនៃសពបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បើតាមរបាយការណ៍របស់នាយកសាខាកាកបាទក្រហមសាខាខេត្តកំពង់ចាមបានឱ្យដឹងថា សម្ភារដែលបាន នាំយកមកចូលរួមបុណ្យសពរួមមាន អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកក្រូច ២កេស, ទឹកពិសា ២កេស និងថវិកាចំនួន ៥០០,០០០រៀល៕ ដោយឡែក អនុសាខាស្រុកបានចូលបុណ្យ អង្ករ ១០០គក្រ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ព្រះមេគណ ព្រះអនុគណ និងព្រះមន្ត្រីសង្ឃខេត្តឧបត្ថម្ភក្នង ១គ្រូសារសព ជាសម្ភារ: (ប្រឡុង) ១ឈុត និងចូលបុណ្យ ២០០,០០០រៀល៕










