ព្រោះតែការស្រលាញ់ និងចង់ថែរក្សាស្នាដៃមួយនេះ លោក អ៊ុំ រឿន មានអាយុ៧៤ឆ្នាំហើយនៅតែអាចបន្តធ្វើទូកបាយបានយ៉ាងល្អ

(ខេត្តព្រៃវែង)៖ ទូកបាយជាប្រភេទទូកអុំម្យ៉ាងដែលមានចំណុះ ១២នាក់ទៅ ២២នាក់ និងមានប្រវែង ១២ម៉ែត្រទៅ១៧ម៉ែត្រ ដែលជាស្នាដៃ កេរ្តិ៍ដំណែលតាំងពីដូនតាមកម្ល៉េះដែលបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះមិនសូវមានអ្នកធ្វើឬមានអ្នកប្រើច្រើនទេដោយភាគច្រើនគេនិយមប្រើតែទូកស្មាច់។

លោកអ៊ុំ រឿន មានអាយុ៧៤ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលជាជាងទូកបាយបានឱ្យដឹងថា គាត់ប្រកបមុខរបរមួយនេះអស់រយ:ពេល៩ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ។ អ៊ុំ រឿន បានបន្តទៀតថា កាលដែលគាត់ចេះធ្វើទូកបាយនេះគឺចេះបន្តពីឪពុករបស់គាត់ហើយរាល់ថ្ងៃនេះគាត់ក៏បានបង្រៀនឱ្យកូនរបស់គាត់ចេះបន្តពីគាត់ទៀតផងដែរ ដើម្បីចូលរួមថែរក្សាស្នាដៃមួយនេះព្រោះជាស្នាដៃដ៏អស្ចារ្យមួយរបស់ដូនតាយើង។

អ៊ុំ រឿន បានបន្តទៀតថា ចំពោះទូកមួយគាត់លក់បានតម្លៃចាប់ពី 3000$ ទៅ 3500$ ទៅតាមប្រភេទទូកវែង ឬទូកខ្លីដោយប្រើរយៈពេលធ្វើជាងមួយខែទើបរួចព្រោះភាគច្រើនគាត់ធ្វើតែម្នាក់ឯងដោយសារកូនរបស់គាត់មានការរវល់ច្រើនមិនសូវបានមកជួយធ្វើតែបើសិនជាមានអ្នកជួយគឺអាចធ្វើលឿនជាងនេះទៅទៀត។ បើចំពោះឈើដែលយកមកធ្វើទូកគឺគេតែងតែយកដើមគគីរមកធ្វើព្រោះដើមគគីរធន់នឹងទឹកដូចពាក្យចាស់បុរាណពោលថា<<គគីរនឹងទឹក ផ្ចឹកនឹងដី>>។

ទន្ទឹមនឹងនោះ អ៊ុំ រឿន ក៏បានលើកឡើងបន្ថែមទៀតថាចំពោះទូករបស់គាត់កន្លងមកបើយកទៅប្រណាំងក្នុងកម្មវិធីថ្នាក់ជាតិគឺមិនសូវបានលទ្ធផលល្អទេតែបើយកទៅប្រណាំងបែបដាក់លុយគឺដឹងតែឈ្នះបានលុយហើយព្រោះទូកដែលគាត់ធ្វើមួយៗគឺសុទ្ធតែមានល្បឿនលឿនហើយអ៊ុំ រឿន ក៏បានលើកឡើងអំពីវិធីធ្វើ និងបទពិសោធន៍ខ្លះៗផងដែរ។

ជាចុងក្រោយអ៊ុំ រឿន ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុកនោះទេគឺសុំឱ្យចូលរួមគាំទ្រ និងថែរក្សាស្នាដៃដ៏ល្អមួយនេះទុកបន្តដល់ក្មេងជំនាន់ក្រោយផងព្រោះគាត់គិតថាតទៅមុខទៀតបើយើងទាំងអស់គ្នាមិនចូលរួមគាំទ្រនិងថែរក្សាទេនោះ ស្នាដៃមួយនេះនឹងអាចបាត់បង់ធ្វើឱ្យក្មេងៗជំនាន់ក្រោយលែងស្គាល់៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *