ពិធីសារទី៣នេះមាន ២មាត្រាត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍រួមមាន (១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនកម្ពុជា និងចិនរួមទាំងអាស៊ាន និងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិនដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀតលើការអនុវត្តសិទ្ធិហោះហើរទី៥ (រវាងកម្ពុជា និងចិនដោយឆ្លងកាត់តំបន់អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៣)បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជា និងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព (៤) ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជា និងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយតាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន និង(៥) រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា និងចិនក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិនរួមទាំងពិធីសារទី១ ទី២ និងទី៣។ មកដល់ពេលបច្ចុប្បន្ន ពិធីសារទី៣នេះមានរដ្ឋភាគីចំនួន ៧ប្រទេសបានផ្តល់សច្ចាប័នរួចដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេសរួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន៕
