លោកជំទាវ បាន ស្រីមុំ អភិបាលគណៈអភិបាលខេត្តប៉ៃលិននាំបងប្អូនចំនួន ៦៦នាក់ ចូលបំពេញការងារនៅក្រុមហ៊ុនផ្ទាល់ដែលកំពុងត្រូវការបុគ្គលិកបន្ថែម

 

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលគណៈអភិបាលខេត្តប៉ៃលិនបាននាំបងប្អូនចំនួន ៦៦នាក់ចូលបំពេញការងារនៅក្រុមហ៊ុនផ្ទាល់ដែលកំពុងត្រូវការបុគ្គលិកបន្ថែម។ ការចូលរួមនេះបានបង្ហាញពីទឹកចិត្តសហការ និងស្មារតីឧស្សាហ៍ព្យាយាមរបស់បងប្អូនពលករក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អំពាវនាវដល់បងប្អូនពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃប្រសិនបើមានបំណងរកការងារនៅក្នុងខេត្តប៉ៃលិន សូមទំនាក់ទំនងមកក្រុមការងារដើម្បីចុះឈ្មោះ និងសម្របសម្រួលរកការងារជូន។

នៅឱកាសនេះ លោកជំទាវអភិបាលខេត្តបានជួបបងប្អូនពលករដែលទទួលបានឱកាសការងារល្អជាមួយក្រុមហ៊ុនចិនដោយមានការជួយសម្របសម្រួលពីរដ្ឋបាលខេត្ត។ លោកជំទាវអភិបាលខេត្តបានលើកឡើងថា ស្ថានភាពព្រំដែនកាន់តែតឹងតែង និងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានជួយឱ្យពលករខ្មែរដែលនៅប្រទេសថៃត្រលប់មកប្រទេសវិញបានយ៉ាងសុវត្ថិភាព។ រដ្ឋបាលខេត្តបានរៀបចំទីតាំងទទួលបងប្អូនពលករ ដើម្បីសម្រួលការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំសុខភាព និងជួយរកការងារជូនដោយឥតគិតថ្លៃ។

លោកជំទាវអភិបាលខេត្តបានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមជួយស្វែងរកការងារក្នុងប្រទេសសម្រាប់បងប្អូនពលករខ្មែរ ដែលត្រលប់មកវិញដោយបច្ចុប្បន្នប្រទេសមានកម្លាំងពលកម្មខ្វះប្រមាណ ៧ម៉ឺននាក់។ ជាមួយនេះ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនដែលមានបំណុលជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុ៕

 

Leave a Reply

Your email address will not be published. Required fields are marked *