(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែលម្អសោភណ្ឌភាពដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខព្រមទាំងបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាព ភាពស្និទ្ធស្នាល និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជាពិសេសទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានាដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីការរៀបចំតុបតែងកែលម្អសោភណ្ឌភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តគឺយើងត្រូវផ្ដោតសំខាន់លើ ការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោងដោយត្រូវចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ជាប្រចាំឱ្យមានរបៀបរៀបរយល្អប្រសើរខណៈចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរពីព្រោះបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន ដូច្នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយសមត្ថកិច្ចក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តគឺរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទបានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តធ្វើការតុបតែងលម្អភ្លើងពណ៌នៅតាមសួនច្បារតាមអង្គភាព និងទីសាធារណៈឱ្យមានសោភណ្ឌភាពហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាតដូចជា រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាតរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យខេត្តជាដើម។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស ២០២៦ ខាងមុខ នេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤–១៥និង ១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានទេពធីតា មហាសង្ក្រាន្តមួយព្រះអង្គជាមគ្គនាយិកាព្រះនាម រាក្សសាទេវី (រាក្យសាទេវី) គង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម អាភរណៈទ្រង់ម៉ោរា ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ ភក្សាហារលោហិត និងទ្រង់ឈររំពៃលើខ្នងអស្សតរជាពាហនៈ៕










