គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនដឹកនាំសមាជិកចូលរួមធ្វើអនាម័យតាមដងផ្លូវសាធារណៈដើម្បីចូលរួមជាមួយនឹងអាជ្ញាធរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ខេត្តប៉ៃលិន)៖ ដើម្បីចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្ត នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានដឹកនាំបរិស័ទក្មេងចាស់ប្រុសស្រីដែលមកពីបណ្តាព្រះវិហារផ្សេងៗ នៅទូទាំងខេត្ត ប្រមាណជាង៣០នាក់ នាំគ្នាធ្វើអនាម័យដើររើសសំរាមនៅតាមដងផ្លូវសាធារណៈមួយកន្លែងស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីសម្អាតបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខកាន់តែច្រើនកុះករ។

បើតាមប្រភពព័ត៌មានពីលោកគ្រូគង្វាល ប៊ុត សុធា ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៦នេះ កាន់តែខិតជិតឈានចូលមកដល់ និងដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈឱ្យកាន់តែស្រស់ស្អាត និងមានសោភណ្ឌភាពទាក់ទាញទើបលោកបានធ្វើការពិភាក្សាជាមួយនឹងគណៈកម្មការគ្រីស្ទានកំណត់យករសៀលថ្ងៃនេះនាំគ្នាដើររើសសំរាមនៅតាមដងផ្លូវសាធារណៈពោលគឺចង់ចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្តក្នុងការបង្ហាញជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ កុំឱ្យនាំគ្នាបន្តបោះចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើម។ លោកបន្តទៀតថា នៅកន្លែងណាដែលគ្មានសំរាមគឺនៅទីនោះនឹងឃើញមានតែទិដ្ឋភាពស្រស់ស្អាតគួរឱ្យទាក់ទាញហើយថែមទាំងជួយកាត់បន្ថយបញ្ហាជំងឺឆ្លងដង្ហើមផ្សេងៗថែមទៀតផង។

លោកបញ្ជាក់ទៀតថា ជារឿយៗ គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនតែងតែនាំគ្នាចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមដូចជាការសម្អាតអនាម័យបរិស្ថានហើយក៏មានការផ្តល់នូវស្បៀងគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយចំនួន។ សកម្មភាពនេះ បញ្ជាក់ពីសេចក្រីស្រលាញ់មកពីព្រះដល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ជាតិសាសន៍ សាសនាអ្វីនោះឡើយពោលគឺយើងរស់នៅក្នុងប្រទេសជាតិជាមួយគ្នា ត្រូវតែចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើទៅបានជាក់ស្តែង។

លោកគ្រូគង្វាល ប៊ុត សុធា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ត្រូវតែចេះថែរក្សា និងគ្រប់គ្រងសំរាមឱ្យបានល្អ កុំបោះចោលផ្តេសផ្តាសនៅតាមចិញ្ចើមផ្លូវសាធារណៈឬនៅកន្លែងវាលស្រឡះល្អដែលធ្វើឱ្យបាត់បង់នូវសោភណ្ឌភាព និងបង្កបញ្ហាជំងឺផ្សេងៗ ដល់អ្នកដែលរស់នៅក្បែរ និងអ្នកដែលធ្វើដំណើរតាមដងផ្លូវ ពេលដែលខ្យល់បក់បោកនាំកំទេចសម្រាមចូលទៅក្នុងរន្ធច្រមុះនរណាម្នាក់។ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ការដឹកនាំសមាជិកទាំងអស់ចុះធ្វើអនាម័យបរិស្ថាននេះគឺជាការដាស់តឿនដល់ស្មារតីប្រជាពលរដ្ឋយើងទាំងអស់គ្នាឱ្យចេះស្រលាញ់បរិស្ថាន និងចេះថែរក្សាកន្លែងរស់នៅរបស់ខ្លួនឱ្យស្អាតជានិច្ចដោយគ្មានសំរាមនៅតាមផ្ទះ ឬនៅតាមដងផ្លូវទីសាធារណៈឡើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *