(ខេត្តប៉ៃលិន)៖ ជាបន្តបន្ទាប់ដូចភ្លៀងរលឹមដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៣ដល់២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាម ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសតដែលសង្ស័យមានការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) និងធ្វើការបង្ក្រាប ១ទីតាំង និងរឹបអូសសម្ភារៈ ជាច្រើនសម្រាប់ធ្វើសកម្មភាពលាក់ទុកក្នុងបន្ទប់ជួល ១ទីតាំងព្រមទាំងបានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ស្នាក់នៅជិតទីតាំងដើម្បីត្រួតពិនិត្យឯកសារ និងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់ខណៈដែលម្ចាស់ទីតាំងខាងលើក៍ត្រូវធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចចម្រុះបន្តយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្តក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមរយៈការលួចចូលមករស់នៅដោយខុសច្បាប់នៅតាមទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់រីឯម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ឬរីសតដែលជាប់ពាក់ព័ន្ធ និងហៅម្ចាស់មកធ្វើកិច្ចសន្យា ហើយត្រូវផាកពិន័យតាមផ្លូវច្បាប់៕








