(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន លោក ហុក សុផលអភិបាលរងខេត្តប៉ៃលិនក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅជាង១ពាន់ក្បាលដី លោកបានណែនាំជំរុញដល់អាជ្ញាធរ និងក្រុមការងារជំនាញជួយសម្របសម្រួលឯកសារបញ្ជាក់ដីធ្លីជូនពលរដ្ឋដោយមិនឱ្យពួកគាត់រត់ទៅរត់មកពិបាកឡើយ។ បើឯកសារណាខ្វះខាតគឺត្រូវជួយបំពេញភ្លាមៗ ដោយឈរលើច្បាប់ជាធំមិនត្រូវទារលុយទារកាក់ពីប្រជាពលរដ្ឋឡើយ។ ចំណែកមន្ត្រីសុរិយោដីវិញ ត្រូវជួយពន្យល់ពីរបៀបរបបដាក់ឯកសារ ជួយសម្រួលព្រំប្រទល់ដី ឱ្យបានច្បាស់លាស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ងាយស្រួលនិងទុកចិត្តលើអាជ្ញាធរ និងមន្ត្រីជំនាញរបស់យើង។
បន្ថែមពីនេះ លោកក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើទាំងអស់ ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេច ដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារមន្ត្រីចុះបញ្ជីដីធ្លី ពិនិត្យនិងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរលូននិងមានប្រសិទ្ធិភាពខ្ពស់។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព វិមជ្ឈការ និងវិសហមជ្ឈការ និងសមភាពយេនឌ័រដើម្បីបង្កើតបានជាវប្បធម៌នៃការចុះបញ្ជីដីធ្លី និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លី ដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័ស និងងាយទទួលយកបាន។
បើតាមលោក សែម សុខន ប្រធានក្រុមវាស់ដីតំបន់១ មានលក្ខណ:ប្រព័ន្ធនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនបានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅនេះ មានចំនួន១០៧០ក្បាលដីស្មើនឹងទំហំផ្ទៃដី១០៣២.៤៦ហិកតា និងមានប្រជាជន៥០៩គ្រួសារក្នុងនោះដីទិញដូរចំនួន១៦៤ក្បាលដី ដីអំណោយមានចំនួន២១៣ក្បាលដី និងដីអំណោយពីរដ្ឋមានចំនួន៦៣៥ក្បាលដី៕





