ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ

 

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាអញ្ជើញអធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី​កីឡា​លេីកទម្ងន់​ក្រោមប្រធានបទ​ “កីឡាដើម្បីមិត្តភាព និងអភិវឌ្ឍ ” និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ” និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លេីកទម្ងន់​សឹង្ហបុរី​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ អនុប្រធាន​សហព័ន្ធ​កីឡាលេីក​ទម្ងន់ក​ម្ពុជា​ សមាជិក​ក្រុមប្រឹក្សាភិបាល​ គ្រូបង្វឹក​ អ្នកបច្ចេកទេសកីឡាលើទម្ងន់ជាតិ​ និងអន្តរជាតិជាច្រើននាក់​នៅរសៀល​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​អាគារ​ NOCC​ រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ​ដែល​មានដំណើរ​អស់​រយៈ​ពេល​ ៣ថ្ងៃ​ ចាប់​ពីថ្ងៃទី​១១​ ខែសីហា​ ដល់ថ្ងៃទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ តែម​ ម៉ឺន​ បាន​ប្រាប់​ថា​ កិច្ចប្រជុំ​នេះ​គឺធ្វើ​ឡេីង​ក្នុង​គោល​បំណង​ដេីម្បី​បំពាក់បំប៉ន​លេី​ការ​ហ្វឹកហាត់​ទាំង​កីឡាករ​ និង​គ្រូបង្វឹក​សំដៅ​លេី​បច្ចេកទេស​ និង​ច្បាប់​វិន័យ​នៃ​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អូឡាំពិក​ជាដេីម។

ឯកឧត្ដម​បាន​បន្ដលេីកឡេីងទៀត​ថា​ ប្រភេទ​កីឡា​លេីកទម្ងន់​នៅកម្ពុជា​ទេីបតែ​ចាប់ផ្ដើម​ដំណើរការ​បាន​រយៈពេល​ ៨ឆ្នាំ​ប៉ុណ្ណោះ​ហេតុ​ដូចនេះ​ហើយ​សហព័ន្ធ​ត្រូវ​ការ​ភាព​ជា​ដៃគូសហការ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ មកពីបណ្តា​សហព័ន្ធ​កីឡា​លេីកទម្ងន់​បរទេស​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍន៍​ និង​ជ្រោមជ្រែង​ដេីម្បី​លេីកស្ទួយ​ទាំង​បច្ចេកទេស​ ស្មារតី​ គុណភាព​ និង​ច្បាប់​វិន័យ​នានា​ធ្វើ​យ៉ាងណា​ឱ្យ​ប្រភេទ​កីឡា​លេីក​ទម្ងន់​នៅ​កម្ពុជា​អាច​ឈរ​លេីឆាក​អន្ដរជាតិ​បាន​ និង​មាន​ឱកាស​ឱ្យ​កីឡាករ​អាច​ទទួល​ជ័យជម្នះ​ជា​មេដាយ​ជូន​ជាតិ​។

ក្នុង​អំឡុង​ពេល​ ៣ថ្ងៃ​ នេះ​ លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ”​ បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អ​ៗ ព្រមទាំង​បច្ចេកទេស​សំខាន់​ៗ​ ជូន​ដល់​សហព័ន្ធ​កីឡា​លេីកទម្ងន់​កម្ពុជា​ដោយ​ផ្ដោត​សំខាន់​លេីក​ កីឡាករ​ និង​គ្រូ​បង្វឹក​។

លោក​ យ៉ុង ជូថុមលាវ​ បាន​បន្ថែម​ថា​ លោក​នឹងចូលរួម​គាំទ្រ​ លេីកទឹកចិត្ដ​ឱ្យ​កីឡាករ​ក៏ដូច​ជា​គ្រូ​បង្វឹក​បន្ដការ​ខិតខំ​ប្រឹងប្រែង​ហាត់​រៀន​ទាំង​បច្ចេកទេស​ និង​ច្បាប់​វិន័យ​ក្នុងការប្រកួត​សម្រាប់​ថ្នាក់​អន្តរជាតិ​ហើយ​លោក​បាន​ចូលរួម​ឧបត្ថម្ភ​នូវ​សម្ភារៈ​ហ្វឹកហាត់​មួយ​ចំនួន​ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *