(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន ប៉ូរ៉ានី បានអញ្ជើញជាគណ:ធិបតីដង្ហែក្បួនថ្មើរជើងដែលមានព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺននាក់ដង្ហែក្បួន និងគណៈធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម សួន សុម៉ាលីន បានថ្លែងថា ថ្ងៃនេះពិតជាមានក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយថ្នាក់ដឹកនាំស្រុកពារាំង ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ដើម្បីហែក្បួន និងធម្មយាត្រាគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឱ្យសណ្តាប់ធ្នាប់នៅតាមព្រំដែនមានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំក្បួនដង្ហែនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នានាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Loves Peace, Cambodia Needs Peace and Cambodia Wants Peace) ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពស្វាហាប់ និងភាពប៉ិនប្រសព្ទ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យនានាទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។
លោកថា ទាំងអស់នេះស្តែងឱ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាពតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ បានជំរុញឱ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិរហូតសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលជាង២ទសវត្សនេះ។
ឯកឧត្តមបានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេចតែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូបការៈ និងការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនយើងឡើយ និងបាន ដោះស្រាយបញ្ហាការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជនជាមួយក្រុមគ្រួសារដែលនេះបានបង្ហាញពីការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ។
ជាមួយគ្នានោះដែរ ឯកឧត្តម សួន សុម៉ាលីន បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើតមានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន សូមបន្តចូលរួមរក្សាឱ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិដើម្បីរួមគ្នាការពារសន្តិភាព និងភាពរីកចម្រើនសម្បូរសប្បាយ យើងទាំងអស់គ្នានៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខទោះក្នុងតម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច។
សូមបញ្ជាក់ផងដែរថា ក្នុងការដង្ហែក្បួនថ្មើរជើងនេះក៏មានប្រជាពលរដ្ឋជាច្រើនក្នុងស្រុកពារាំងដែលរស់នៅអមសងខាងផ្លូវជាតិលេខ8Aបានចូលរួមយ៉ាងសស្រាក់សស្រាំដោយមានការចែកជូនទឹកបរិសុទ្ធ និងនំចំណីជាច្រើនផងដែរ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ជាការរួបរួមសាមគ្គីភាពមួយដែលគួរឱ្យកត់សម្គាល់ថា (ខ្មែរ ស្រលាញ់ខ្មែរ)៕












