(ព្រៃវែង)៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ ប្រគល់ផ្ទះចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្តជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំស៊ាងឃ្វាង និងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ថែមពីនេះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្តបានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាពហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្តបានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) មី ១កេស ត្រីខ ១យួរ បោយទឹក១ ច្រាស់ដុសបង្គន់១ សាប៊ូ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ សាខាខេត្តក៏បានឧបត្ថម្ភថវិកាដល់លោកតា លោកយាយដែលបានចូលរួមក្នុងកម្មវិធីផងដែរ។
ក្នុងនោះអនុសាខាស្រុកកំចាយមារបានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២០គ.ក ទឹកផ្លែឈើ ១កេស ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១ យួរ និងថវិកាចំនួន ២០០,០០០រៀល។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៥៩ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២១៩បង្គន់៕










