ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន រសៀលថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលរួមពិធីបុណ្យនិងគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ដែលជាមាតាបង្កើត ឯកឧត្តមបណ្ឌិសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលមរណភាពនៅថ្ងៃសៅរ៍ទី១៧ ខែមករា ឆ្នាំ២០២៦ក្នុងជន្មាយុ ៨៤ឆ្នាំដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនវិយោគសោកសង្រេងស្រណោះអាឡោះអាល័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំជាមួយក្រុមគ្រួសារសព និងចាត់ទុកមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន គឺជាការបាត់បង់នូវមាតាបង្កើត មាតាក្មេក ជីដូន បងប្អូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏បវរប្រពៃ និងជាធនធានដ៏កម្រដែលបានចំណាយកម្លាំងកាយចិត្ត និងធនធានសន្ធឹកសន្ធាប់ដើម្បីព្រះពុទ្ឋសាសនា សង្គម និងមនុស្សធម៌។
អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕










