(ព្រៃវែង)៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងលើកឡើងថា ផ្អែកតាមរបាយការណ៍ និងលទ្ធផលនៃបទអន្តរាគមន៍ និងកិច្ចពិភាក្សាដូចបានគោរពជម្រាបជូនខាងលើនេះ អង្គសន្និបាត សូមធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។ តាមរយៈបទអន្តរាគមន៍ និងកិច្ចពិភាក្សា អង្គសន្និបាតក៏កត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៥ ការអនុវត្តការងារទទួលបានលទ្ធផលលេចធ្លោល្អប្រសើរមាន៖ អង្គសន្និបាតក៏បានកត់សម្គាល់ឃើញថា ការគ្រប់គ្រង និងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុកដែលបានរធ្វើសមាហរណកម្មកន្លងមកនេះនៅតែជាកត្តាចាំបាច់ដែលបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក បន្តជារដ្ឋបាលមួយប្រកបដោយថាមពល ម្ចាស់ការ ទាំងបុគ្គលិក ទាំងធនធានដើម្បីប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។
ក្នុងស្មារតីរួមនៃកំណែទម្រង់ដ៏មានសារសំខាន់នេះ និងក្នុងនាមជាអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានបន្តពង្រឹងការលើកកម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ដើម្បីឱ្យការអនុវត្តន៍ តួនាទី ភារកិច្ចរបស់ថ្នាក់រដ្ឋបាលទាំងនោះប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយជាធរមានពិសេសការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរថែមទៀត។ ជាមួយនេះ ក៏នៅមានបញ្ហាប្រឈមក្នុងការខ្វះបុគ្គលិកជំនាញសម្រាប់បំពេញការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។
ឯកឧត្ដមអភិបាលខេត្តបន្តថា ផ្អែកលើបញ្ហាប្រឈមដែលសេសសល់ អង្គសន្និបាតនឹងបន្តដោះស្រាយតាមវិធានការសមស្របនានា និងធ្វើការប្តេជ្ញាចិត្តរួមគ្នាថែរក្សាការពារឲ្យបាននូវសុខសន្តិភាពបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គម អង្គសន្និបាតក៏បានប្តេជ្ញាចិត្តខិតខំសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែងសំដៅចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍លើកឡើងថា សន្និបាតនេះធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការបំពេញការងារក្នុងឆ្នាំ២០២៥ តាមរយៈការលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងទទួលបានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងភាពជឿទុកចិត្តបានពីប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព តាមរយៈគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម អភិសន្តិបណ្ឌិតបានមានប្រសាសន៍កោតសរសើរដល់អង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូនស្របតាមកម្មវិធីដែលបានគ្រោងទុកព្រមទាំងទទួលបាននូវ មតិយោបល់ បញ្ហាប្រឈម និងដំណោះស្រាយយ៉ាងផុលផុសដែលអាចវាយតម្លៃបានថា អង្គសន្និបាតនាពេលនេះសម្រេចបាននូវលទ្ធផលជាផ្លែផ្កាដូចគោលបំណង និងរបៀបវារៈដែលបានកំណត់។ ជាមួយគ្នានេះ រាល់ព័ត៌មាន មតិយោបល់ និងអនុសាសន៍នានាក្នុងអង្គសន្និបាតនេះត្រូវបានកត់ត្រាទុកជាធាតុចូលសម្រាប់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងការដាក់ចេញនូវវិធានការអនុវត្តទិសដៅការងារ ឆ្នាំ២០២៦ នេះឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់។
ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានបំពាក់គ្រឿងឥស្សរិយយសជួសជូនដល់មន្ត្រីរាជការថ្នាក់ដឹកនាំដែលបានបំពេញការងារនាពេលកន្លងមកដើម្បីជាការលើកទឹកចិត្តដល់គាត់ផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន ៤០គ្រឿង ផ្តល់ជូនដល់អធិការនគរបាលក្រុង ស្រុកចំនួន៥ រួមមានក្រុងព្រៃវែង, ស្រុកស្វាយអន្ទរ, ស្រុកកញ្រ្ជៀច, ស្រុកកំចាយមារ និងស្រុកបាភ្នំ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន៕











