នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរួមដំណើរដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នាយកសាខា, ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរពេទ្យបានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ជា មួយលាភ អាយុ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបីបានភៀសសឹកពីភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធានតែងតែបានណែនាំឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងនោះត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកពិសេសការគាំពារសុខភាព មាតា ទារក និងកុមារដោយមិនរើសអើង។
ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាជូនលោកស្រី ជា មួយលាភ រួមមាន: អង្ករ ៥០គក្រ រួមទាំង គ្រឿងឧបភោគ បរិភោគ ទឹកដោះគោឆៅ ២យួរ ទឹកសុទ្ធ ២កេស ឃីតស្ត្រី ១ឈុត និង ថវិកាចំនួន ១០លានរៀល៕





