ក្រសួងអប់រំកំពុងស្វែងរកសាលារៀនឱ្យនិស្សិតខ្មែរប្រមាណ៨០០នាក់ដែលវិលត្រឡប់មកពីប្រទេសថៃបានចូលរៀនដោយឥតបង់ថ្លៃ

 

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំបានឱ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះមាននិស្សិតចំនួន៨០០នាក់បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញខណៈនិស្សិតមួយចំនួនទៀតក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។

គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួងក្នុងនោះលើកទី១ មានចំនួន១៧៩នាក់ និងលើកទី២ មានចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់, បរិញ្ញាបត្រ៥៧៩នាក់, បរិញ្ញាបត្ររង និងផ្សេងៗ២នាក់ទៀត)។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សាគួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលខាងលើ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៍។

រដ្ឋមន្រ្តីក្រសួងអប់រំក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេសដែរ។ គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋ និងនិស្សិតឱ្យត្រឡប់មកកម្ពុជាវិញក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ កាលនោះ សម្តេចប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរដែលត្រឡប់មកពីថៃផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *