(ត្បូងឃ្មុំ)៖ បន្ទាប់ពីក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានចែកកូនឈេីចម្រុះគ្រប់ប្រភេទជូនប្រជាពលរដ្ឋយកទៅធ្វេីការដាំដុះដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានគ្រប់ រាជធានី-ខេត្តនាដេីមខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានសង្កេតឃើញថា មានប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និងមន្ដ្រីរាជការមកពីគ្រប់ទិសទីក្នុងខេត្តត្បូងឃ្មុំបានមកទទួលយកកូនឈេីយ៉ាងច្រើនកុះកររួមទាំងនៅមន្ទីរបរិស្ថាន និងនៅថ្នាលបណ្ដុះកូនឈេីខ្នាតតំបន់ស្ថិតក្នុងស្រុកអូររាំងឪផងដែរ។
ក្នុងយុទ្ធនាការ ”ពន្លកបៃតង” ដែលដាក់ចេញដោយក្រសួងបរិស្ថានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានគឺបានធ្វេីឱ្យប្រជាពលរដ្ឋស្ទេីរទូទាំងប្រទេសរីករាយនឹងការទទួលយកកូនឈេីគ្រប់ប្រភេទយកទៅធ្វើការដាំដុះស្របទៅតាមវត្ថុបំណងដេីម្បីបង្កេីតបានជាគុណប្រយោជន៍ និងផលប្រយោជន៍សម្រាប់សាធារណ: និងដេីម្បីផ្ទាល់ខ្លួន។
សូមរំលឹកផងដែរថា យុទ្ធនាការ “ពន្លកបៃតង” គឺសំដៅលេីការពង្រីកភាពបៃតង និងដេីម្បីអព្យាក្រឹតកាបូន ដែលជាដាំស្ដារឡៀងវិញនៅតំបន់ដីសឹករិចរិល និងនៅតាមទីសាធារណៈផ្សេងៗ។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទូទាំងប្រទេសបានបណ្ដុះកូនឈេីចម្រុះសម្រាប់ចែកជូនប្រជាពលរដ្ឋប្រមាណជាង ៣លានដេីម និងកូនត្នោតជាង ១លានដេីមផងដែរ។
រហូតមកដល់ពេលនេះ នៅតាមមន្ទីរបរិស្ថានទូទាំងប្រទេសនៅតែបន្ដចែកកូនឈេីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ មន្ទីរបរិស្ថានគ្រប់រាជធានី ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញមកទទួលយកកូនឈេីយកទៅដាំដុះបានដោយធ្វើការទំនាក់ទំនងទៅមន្ទីរបរិស្ថានក្នុងខេត្តដែលបងប្អូនប្រជាពលរដ្ឋរស់នៅ។










