លោកជំទាវអភិបាលខេត្តប៉ៃលិនបានដឹកនាំសមត្ថកិច្ចចម្រុះចុះធ្វើការត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំនានាក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (online Scams)

(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំនានា នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរកឃើញវត្ថុតាងមួយចំនួនដែលគេសង្ស័យថា មានការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scams) ដែលជាការអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបង្ក្រាបឱ្យអស់នូវរាល់បទល្មើសបច្ចេកវិទ្យារហូតដល់អស់ពីក្នុងខេត្តប៉ៃលិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចចម្រុះបន្តយុទ្ធនាការបេសកកម្មនេះចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្តគឺក្នុងគោលបំណងរឹតបន្តឹងទប់ស្កាត់ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមរយៈការលួចចូលមករស់នៅដោយខុសច្បាប់នៅតាមទីតាំងរស់នៅប្រមូលផ្តុំសំខាន់ៗក្នុងខេត្តប៉ៃលិនរបស់ជនបរទេសជាពិសេសជនជាតិចិន និងទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពការជួញដូរមនុស្សជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធជាច្រើនបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញតាមច្បាប់កំណត់៕

 

Leave a Reply

Your email address will not be published. Required fields are marked *