(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានធ្វើការលើកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេសល្អនឹងទទួលបានអាហារូបករណ៍ពីរដ្ឋបាលខេត្ត។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដោយផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អជាពិសេសអ្នកដែលមានជីវភាពក្រីក្រខ្វះខាត មានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា(សកលវិទ្យាល័យ)។ ការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តនេះធ្វើឡើងនៅក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមប្រសាសន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានក្រើនរំលឹកដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាទាំងអស់ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងហើយការប្រឡងឆ្នាំ២០២៥នេះ ក៏មិនខុសពីឆ្នាំមុនៗ ដែរ ដោយនីតិវិធីនៃការរៀបចំទាំងអស់រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរ៉ឹងបំផុតពោលគឺ «អ្នកចេះ ត្រូវតែជាប់»។ លោកជំទាវអភិបាលខេត្តក៏បានបង្ហាញនូវហឹបវិញ្ញាសាជូនដល់បេក្ខជនប្រឡង ដោយពិនិត្យមើលភាពបិទជិត មានបិទស្គុត និងត្រាស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានព្រមទាំងបានផ្តាំផ្ញើជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ រយៈពេល០២ថ្ងៃនេះ និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងការប្រឡងដែលសាកសមជាទំពាំងស្នងឫស្សី និងក្លាយទៅជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគតខាងមុខផងដែរ។
បើតាមប្រភពព័ត៌មានពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នេះគឺប្រព្រឹត្តទៅត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន០២មណ្ឌលគឺស្ថិតនៅទីតាំងក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន២៥បន្ទប់ មានបេក្ខជនសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី៤០នាក់ ៕











