ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៥០០ ប្រមូលផ្តុំគ្នាអរគុណប្រធានាធិបតីអាមេរិក

 

(ភ្នំពេញ)៖ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ៥០០នាក់ដែលមានក្មេង-ចាស់ ប្រុស-ស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្លែងអំណរគុណប្រធានាធិបតីអាមេរិកដែលបានជួយឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃក្រោយការឈ្លានពានពីប្រទេសថៃមកកម្ពុជា។

ក្នុងដៃកាត់បដា និងមេក្រូស្រែក ក្រុមអ្នកប្រមូលផ្តុំបានស្រែកថា «ថ្លែងអំណរគុណ លោកប្រធានាធិបតី ដូណាល់ត្រាំដែលបានជួយឱ្យមានបទឈប់បាញ់ និងសន្តិភាពនៅកម្ពុជា!»។ ការជួបជុំរបស់សហគមន៍ខ្មែរនេះមានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងម៉ាឡេស៊ីដើម្បីថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលបានគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃក្រោយការបើកការវាយប្រហារដោយយោធាពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន។

ក្រុមអ្នកប្រមូលផ្តុំបានស្រែកដូចគ្នាថា បទឈប់បាញ់នេះបានជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីស្លាប់ដោយសារគ្រាប់កាំភ្លើងដែលជាមហន្តរាយដែលពលរដ្ឋខ្មែរមិនចង់ឃើញនោះឡើយ។

គួររំលឹកថាក្នុងពេលប្រមូលផ្តុំ ក្រុមសហគមន៍ខ្មែរទាំងពីរប្រទេសបានច្រៀងបទនគររាជ និងបទពង្សសាវតាខ្មែរ និងបទគន់មើលទៅមេឃរួមទាំងរំលឹកគុណដល់វីរៈកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិប្រឆាំងការឈ្លានពាន។

សូមបញ្ជាក់ថាដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃមកលើអធិបតីភាពរបស់កម្ពុជា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករួមទាំងបង្កើតឱ្យមានជនភៀសសសឹករាប់សិបម៉ឺននាក់៕

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *