(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនរួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមដាំដើមឈើចម្រុះចំនួន ២៥០០ដើម ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទររុក្ខទិវា លើកទី៣០ និងកែលម្អសោភណ្ឌភាពផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា ទិវាដាំដើមឈើគឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តមកើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។ ក្នុងទិសដៅបន្តវេននូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល២ឆ្នាំមកហើយគឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាពការឆ្លងរីករាលជាសាកលនៃជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិព្រមទាំងអេកូឡូស៊ីដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ ឱ្យល្បីល្បាញរន្ទឺជាប្រទេសមានការអភិវឌ្ឍន៍បៃតងគម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិចតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង ៣ប្រភេទ និងប្រជាពលរដ្ឋបន្តកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាពក្នុងការចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមាព្រោះដើមឈើដែលដុះដាលរីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ជាពិសេសប្រជាពលរដ្ឋមូលដ្ឋានជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានកំណត់យកទីតាំងភូមិទំនប់ ឃុំស្ទឹងត្រង់ ដើម្បីប្រារព្ធ រុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន ២៥០០ដើម មានដូចជា បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃ និងជើងគោសម្រាប់ដាំក្នុងពិធី “ រុក្ខទិវា ” និងចែកជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត សាលារៀន និងប្រជាពលរដ្ឋដាំតាមមូលដ្ឋានផងដែរ។










