(ព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្ត កំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុក កំចាយមារ ខេត្តព្រៃវែង។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការបញ្ចុះខណ្ឌសីមាគឺជាកិច្ចពិធីដ៏ឧត្តុង្គឧត្តមដើម្បីប្រកាសទទួលស្គាល់ជាផ្លូវការនូវព្រះវិហារជាទីបរិសុទ្ធសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។
ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍បន្តថា ការឆ្លងសមិទ្ធផលនានា (ដូចជា ព្រះវិហារថ្មី សាលាឆាន់ កុដិ ឬសមិទ្ធផលផ្សេងៗ) ជាការឆ្លុះបញ្ចាំងពីការរីកចម្រើនលើវិស័យពុទ្ធចក្រតាមរយៈការចូលរួមបរិច្ចាគរបស់ពុទ្ធបរិស័ទ សប្បុរសជន និងការគាំទ្រពីរាជរដ្ឋាភិបាលដែលជាការផ្សារភ្ជាប់រវាងរដ្ឋ និងពុទ្ធចក្រ។
ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍បន្ថែមថា វត្តអារាមដើរតួនាទីជាស្នូលនៃសង្គមខ្មែរហើយវត្តកំចាយមារបានក្លាយជាមជ្ឈមណ្ឌលនៃការប្រមូលផ្តុំពុទ្ធបរិស័ទ និងជាកន្លែងបណ្តុះបណ្តាលសីលធម៌ និងវប្បធម៌ហើយជាការបង្ហាញនៅប្រទេសដែលមានសន្តិភាពដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត និងចូលរួមកសាងសមិទ្ធផលនានារួមទាំងសមិទ្ធផលសាសនាដ៏ត្រចះត្រចង់នេះ។
ឯកឧត្តមអភិសន្តិបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលបានរួមសាមគ្គីគ្នាទាំងកម្លាំងកាយចិត្ត និងធនធានដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។
ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកទឹកចិត្តឱ្យពុទ្ធបរិស័ទគ្រប់រូបបន្តយកចិត្តទុកដាក់លើការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងចេះគោរពច្បាប់សង្គមជាតិ ស្របតាមគន្លងធម៌របស់ព្រះពុទ្ធសាសនា៕











