លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកឆ្លូង

 

(ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ខិតសេវាសុខាភិបាលរួមមានការបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែជិតក្នុងការពិនិត្យ និងព្យាបាលជំងឺហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ពេទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។

ជាមួយនេះ លោកជំទាវបណ្ឌិតក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាពតាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់។

ក្នុងពេលទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពរបស់ TYDA គឺពិតជាបានជួយលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាពិសេសនៅតំបន់ជនបទ ព្រោះការពិនិត្យ និងព្យាបាលជំងឺរួមទាំងផ្ដល់ថ្នាំលេប ដោយមិនយកប្រាក់កម្រៃ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវទៅទទួលសេវាសុខាភិបាលមានការពិនិត្យ និងការព្យាបាលជំងឺពីសំណាក់គ្រូពេទ្យ TYDA មានប្រមាណជាង ៣ពាន់នាក់ ហើយសូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិតដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋហើយបានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោសរុបជាង ៣៤០នាក់ ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះរួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បំពង់ក ជំងឺភ្នែក ជំងឺរោគស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤ ៦០០ករណីខណៈអ្នកជំងឺចំនួន ៤២នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការជួយផ្គត់ផ្គង់ពីសំណាក់សម្ដេចធិបតី និងលោកជំទាវទាំងការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ៕

 

Leave a Reply

Your email address will not be published. Required fields are marked *