កំណើននៃការវិវត្តន៍នៃកូនសត្វផ្សោតកើនដល់៨ក្បាលជាកំណត់ត្រាសម្រាប់ឆ្នាំ២០២៥ ក្នុងអន្លង់អភិរក្សក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង

នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៍កូនផ្សោតទី៨ សម្រាប់ឆ្នាំ២០២៥! កាលពីថ្ងៃទី១ ខែធ្នូ ម្សិលមិញ សត្វផ្សោតទន្លេមេគង្គបានផ្តល់កំណើតកូនថ្មីមួយក្បាលទៀតដែលធ្វើឱ្យកូនផ្សោតដែលបានកើតនៅឆ្នាំ២០២៥ នេះមានចំនួនដល់ទៅ ៨ក្បាលដែលជាកំណត់ត្រាដ៏ល្អសម្រាប់ឆ្នាំនេះ។ យោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឱ្យដឹងថា នៅឆ្នាំនេះមិនមានរបាយការណ៍នៃការស្លាប់សត្វផ្សោតទេ។

នេះដោយសារតែកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សរបស់ឆ្មាំទន្លេទាំង ១១ប៉ុស្តិ៍ នៅខេត្តក្រចេះ និង៤បុស្តិ៍នៅខេត្តស្ទឹងត្រែងដែលមានឆ្មាំទន្លេសរុបចំនួន ៧២នាក់ដែលបានបំពេញកិច្ចការងារទាំងយប់ទាំងថ្ងៃ ២៤/២៤ម៉ោងដើម្បីការពារជម្រកសត្វផ្សោត ការទប់ស្កាត់ការនេសាទខុសច្បាប់ជាពិសេសការដាក់មង និងដាក់សន្ទូចរនងនៅក្នុងតំបន់អភិរក្សសត្វផ្សោត។ ជាមួយនឹងកំណើតកូនផ្សោតថ្មីមួយទៀតកាលពីថ្ងៃម្សិលមិញ សត្វផ្សោតទឹកសាបនៅកម្ពុជាសរុបមានចំនួន ១១២ ក្បាលដែលរស់នៅក្នុងដងទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម ឆ្នាំទន្លេ អង្គការ WWF ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលបានចូលរួមក្នុងការអភិរក្សសត្វផ្សោតទឹកសាបដែលជារតនសម្បត្តិធម្មជាតិរបស់កម្ពុជា។ សូមបងប្អូនចូលរួមអភិរក្សទាំងអស់គ្នា!

 

 

Leave a Reply

Your email address will not be published. Required fields are marked *