(ព្រៃវែង)៖ កោះពាមរាំងជាឈ្មោះភូមិមួយនៅក្នុងចំណោមភូមិទាំង៤ ដែលស្ថិតនៅដាច់ស្រយ៉ាលពីភូមិគេផ្សេងៗទៀតគឺស្ថិតនៅចំកណ្ដាលនៃផ្ទៃទន្លេមេគង្គ ក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយការធ្វើដំណើរត្រូវឆ្លងកាត់កំពង់ចម្លងដើម្បីទៅដល់ភូមិនេះដែលមានចម្ងាយប្រមាណ៥៥គីឡូម៉ែត្រពីទីរួមខេត្ត។
ភូមិកោះពាមរាំងមានព្រំប្រទល់ខាងលិចជាប់ស្រុកលើកដែកនៃខេត្តកណ្ដាលចំណែកខាងជើង ខាងកើត និងខាងត្បូងហ៊ុមព័ទ្ធទៅដោយទន្លេដែលមានប្រជាជនរស់នៅប្រមាណ ២៣១គ្រួសារ ឬ៩៥០នាក់ដោយមានផ្ទៃដីសរុប ៧០០ហិចតាហើយមានលក្ខណៈអំណោយផលពីធម្មជាតិដល់ការដាំដុះដែលសម្បូរដោយប្រភពទឹកប្រើប្រាស់ស្រោចស្រពគ្រប់គ្រាន់សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍកសិកម្ម និងកសិ-ឧស្សាហកម្មដែលប្រជាជនភូមិនេះស្ទើរតែមួយរយភាគរយជាអ្នកប្រកបរបរដាំដំណាំ។ ពួកគេមិនទុកដីឱ្យនៅសល់ទំនេរចោលឡើយសូម្បីតែដីទីធ្លាមុខផ្ទះក៏ព័ទ្ធសំណាញ់ លើករង ដាំបន្លែបង្ការដែរ។
ក្រុមកសិករទាំងនេះ ផលិតបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពរាប់សិបប្រភេទដូចជា ត្រសក់ ម្រះ ត្រប់ ត្រលាច ននោង ស្លឹកបាស់ ស្លឹកផ្ទី ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ស្ពៃក្ដោប សាលាដ ខាត់ណា ប៉េងប៉ោះ ឆៃថាវ សណ្ដែកគួរ ខ្ទឹមស្លឹក ម្ទេស ជីរ ព្រមទាំងដំណាំកសិ-ឧស្សាហកម្មមួយចំនួនដូចជា ពោត សណ្ដែកបាយ សណ្ដែកដី ល្ងជាដើម។ លើសពីនេះ ដែនដីកោះនេះក៏មានដំណាំហូបផ្លែតាមរដូវកាលដែរដូចជា ផ្លែទឹកដោះ ពុទ្រ្ទា ឪឡឹក ល្មុត ម្នាស់ពិសេសចេកគ្រប់ប្រភេទដែលគ្រប់រដូវកាល។
សូមអញ្ជើញមកទទួលរសជាតិបន្លែបន្លុក និងផ្លែឈើពីកោះពាមរាំងនៅផ្សារផលិតផលខ្មែររៀងរាល់ថ្ងៃព្រហស្បតិ៍, សុក្រនៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។







