(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានធ្វើវេទិកាសាធារណៈស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន។
នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងអំពីលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាននៅឆ្នាំ២០២៤ ជាពិសេសក្រោមការដឹកនាំរបស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច វិធានការគន្លឹះទាំង៥ និងផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្តដែលធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាបន្តបន្ទាប់។
ឯកឧត្តម អ៊ី ឈាន ប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួនដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរដែលបានលើកឡើងចំគោលដៅទាន់ពេលវេលាក្នុងការកែលម្អសហគមន៍របស់ពួកគាត់ឱ្យល្អប្រសើរជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានក្រុមការងារបានថ្លែងនូវការកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងអស់ និងអាជ្ញាធរខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងមូលដ្ឋានក្រោមគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ កម្មវិធីនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះនៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋានសំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ និងសំណូមពរនានានៅមូលដ្ឋានជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមានអ្នកចូលរួមសរុបចំនួន ១៣៣៧នាក់ ស្រី ៦២២នាក់ហើយបានទទួលបានសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាចំនួន៦៥ករណីក្នុងនោះសំណួរផ្ទាល់មាត់ចំនួន២៣ករណី និងសរសេរជាលិខិតចំនួន ៤២ករណី៕










