សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពលោកពលទោ វី កក្កដា ដែលបានពលីនៅសមរភូមិជួរមុខ

(ខេត្តប៉ៃលិន)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ១០លានរៀលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពលោកពលទោ វី កក្កដា ដែលបានពលីជីវិតនៅសមរភូមិជួរមុខ ប្រាសាទតាក្របី ក្នុងសង្គ្រាមឈ្លានពានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអាយុ២១ឆ្នាំ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានខ្លឹមសារថា៖ «ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់កូន ប្អូន និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លានៅក្នុងគ្រួសារហើយការពលីជីវិតរបស់លោកពលទោ វី កក្កដា គឺជាការបាត់បង់វីរកងទ័ពមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូបនៃកងយោធពលខេមរភូមិន្ទដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធតស៊ូប្តូរជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិជាពិសេសការពារសុខសន្តិភាពជូនប្រជាជន និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកពលទោ វី កក្កដា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ជាការឆ្លើយតប តំណាងគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងក្រុមការងារទាំងអស់ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យសព និងរំលែកទុក្ខហើយសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោកសូមតាមជួយបីបាច់ថែរក្សាដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក លោកស្រី និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងក្រុមការងារបានធ្វើការគោរពវិញ្ញាណក្ខន្ធសព លោកពលទោ វី កក្កដា និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *