ប្រជាពលរដ្ឋភៀសសឹកចំនួន ២៣៥នាក់ទទួលបានការយកចិត្តទុកដាក់ពីប្រធានក្រុមការងារចុះជួយក្រុងព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់វីរកងទ័ព និងប្រជាពលរដ្ឋ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារវីរកងទ័ពដែលបានភៀសសឹកមកស្នាក់នៅក្នុងព្រៃវែងចំនួន ២៣៥នាក់ដែលមកពីបណ្តាខេត្តមួយចំនួនមានខេត្តបន្ទាយមានជ័យ, បាត់ដំបង, ព្រះវិហារ, ពោធិ៍សាត់,ឧត្តរមានជ័យ, កោះកុង។

​នៅក្នុងឱកាសនោះ ឯកឧត្ដមបាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ឯកឧត្ដមក៏បានផ្តល់នូវអំណោយ និងការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជម្លោះដែលកំពង់ភៀសសឹកនេះដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្ដមមានប្រសាសន៍ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលនៅជួរក្រោយ និងតែងតែផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋភៀសសឹក និងសន្យាមិនបោះបង់ចោលប្រជាពលរដ្ឋដែលជួបការលំបាកក្នុងកាលៈទេសៈសង្គ្រាមនេះនោះទេ។

ឯកឧត្ដមចែកជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដើម្បីជាការឧបត្ថម្ភដល់គ្រួសារនីមួយៗនោះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញទៅសួរសុខទុក្ខដល់វីរកងទ័ពដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តដែលរងគ្រោះដោយសារផ្សែងពុលកំពុងសម្រាកព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យផងដែរហើយក្នុងនោះឯកឧត្តមក៏បានផ្ដល់ជូននៅថវិកាមួយចំនួនផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *