(ខេត្តសៀមរាប)៖ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំក្រសួងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងបរិស្ថាន រួមជាមួយដៃគូសហការបាននាំយកអំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងបរិស្ថាន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យដែនដីរបស់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍ថា អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព និងការគាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានកំពុងការពារទឹកដីប្រឆាំងសត្រូវឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងប្រតិភូអមដែលបាននាំមកជាអំណោយសម្ភារៈសម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងបរិស្ថានដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ ទឹកសុទ្ធដបធំ អំបុក អង្ករ មី សំលៀកបំពាក់ ខោអាវ ភួយ ត្រីខទឹកសុទ្ធ ទឹកក្រូច នំក្រៀម ដំណាប់ស្វាយរួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត៕








