ប្រជាពលរដ្ឋជាង១ពាន់បានមកចូលរួមក្នុងកម្មវិធីវេទិកាការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មជ្ឈមណ្ឌលការងារខេត្ត សាខា ប.ស.ស ខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបានចុះធ្វើវេទិកាការងារនៅក្នុងស្រុកពារាំងដែលមានចំនួន៤ឃុំគឺឃុំព្រៃព្នៅ, ឃុំរកា, ឃុំកញ្ចំ, ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដោយមានអ្នកចូលរួមសរុបចំនួន១៣៨១នាក់ ក្នុងនោះមានមួយចំនួនបានដាក់ពាក្យធ្វើការ និងមួយចំនួនទៀតមិនទាន់បានដាក់ពាក្យរីឯប្រជាពលរដ្ឋផ្សេងទៀតក៏បានមកចូលរួមស្តាប់ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់កូនចៅរបស់គាត់ជាបន្តទៀត។

ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុិន សុងហេង, លោក សាក់ សុធី អភិបាលនៃគណៈអភិបាលរងស្រុកពារាំងតំណាងដ៏ខ្ពង់ខ្ពស់លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងលោក ហេង ផលឡៃ, លោក ហាស់ ហៀង, លោក លី ហុន សមាជិកក្រុមប្រឹក្សាស្រុក លោក ហុង ដានី ប្រធានការិយាល័យសាធារណៈការស្រុកហើយក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ តុង មេឃុំព្រៃព្នៅ, លោក នេត នឿន មេឃុំរកា ក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិផងដែរ។

ក្នុងឱកាសនោះដែរ លោក អោម ខុន ប្រធានមជ្ឈមណ្ឌល ទីភ្នាក់ងារជាតិមុខរបរ និងការងារព្រមទាំងក្រុមការងារក៏បានពន្យល់អំពីភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងស្រុកដោយមិនបាច់ទៅធ្វើការចំណាកស្រុកនោះទេ ដោយសព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយើងមានរោងចក្រសហគ្រាសជាច្រើនកន្លែងដែលកំពុងមានតម្រូវការរើសបុគ្គលិក និងកម្មកររាប់ម៉ឺននាក់មិនតែប៉ុណ្ណោះក៏មានការងារខ្លះអាចផ្តល់កន្លែងស្នាក់នៅ និងការហូបចុកថែមទៀតផង។

លោក អោម ខុន និងក្រុមការងារក៏បានលើកឡើងបន្ថែមទៀតអំពីអត្ថប្រយោជន៍ ប.ស.ស ចំពោះកម្មករ កម្មការីនី ដែលធ្វើការតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា ការថែទាំសុខភាព, ការសម្រាកព្យាបាលនៅមន្ទីពេទ្យ, ការពិនិត្យផ្ទៃពោះ និងការសម្រាលកូន។ល។ ហើយជាពិសេសទៀតនោះគឺមានប្រាក់ចូលនិវត្តន៍ថែមទៀតផងទាំងអស់នេះគឺការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលតែងតែមានការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមបញ្ជាក់ផងដែរថា ចំពោះអ្នកដែលបានចូលដាក់ពាក្យនៅទីនេះក្រុមហ៊ុននឹងទទួលយកធ្វើការទាំងអស់ដោយមិនតម្រូវឱ្យបងប្អូនបង់ប្រាក់ឡើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *