(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្តព្រៃវែងបានរៀបចំយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ក្នុងគោល បំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជាសំដៅធានាសន្តិសុខព័ត៌មានគឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលពិធីនេះស្ថិតក្រោមអធិបតីឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែងព្រមទាំងមានការអញ្ជើញអភិបាលក្រុងស្រុកទាំង១៣ មន្ទីរអង្គភាព កងកម្លាំងទាំងបី សិស្សានុសិស្សប្រមាណជាង ៣០០នាក់។
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានលើកឡើងថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយសម្រាប់បញ្ជ្រាបការយល់ដឹងឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ មន្ទីរព័ត៌មានដើរតួនាទីស្នូលក្នុងការរៀបចំ និងសម្របសម្រួលការអនុវត្តជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើឱ្យយុទ្ធនាការនេះលេចចេញជារូបរាងឡើង។
លោកប្រធានមន្ទីរព័ត៌មានបន្តថា យុទ្ធនាការនេះមានសារសំខាន់ទាំងក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងព័ត៌មាននៅប្រទេសកម្ពុជា និងក្នុងតំបន់។ យុទ្ធនាការនឹងប្រើវិធីសាស្ត្រ និងទម្រង់រៀបចំស្របតាមបរិបទនៃសង្គមឌីជីថលក្នុងគោលដៅផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
លោក អន ភារៈ អភិបាលរងខេត្តព្រៃវែងមានប្រសាសន៍ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះផ្តល់ឱកាសនិងលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ក្នុងសង្គមចូលរួមដើម្បីទទួលព័ត៌មាន ចំណេះដឹងបន្ថែមអំពីផលវិបាក និងគ្រោះថ្នាក់ដែលព័ត៌មានក្លែងក្លាយបង្កឡើង។ យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអ្នកផលិតមាតិកាលើបណ្តាញសង្គមអំពីការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយ និងបំផុសឆន្ទៈចូលរួមតាមរយៈការអនុវត្តវិធានការបង្ការ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។
លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា ការបញ្ជ្រាបការយល់ដឹងឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាកត្តាដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែងមានប្រសាសន៍ដែរថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។ គោលដៅរបស់យុទ្ធនាការគឺកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម អនុរដ្ឋលេខាធិការបន្ថែមទៀតថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើបតាមប្រព័ន្ធឌីជីថលជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមបានកើនឡើងជាលំដាប់ខណៈគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះរឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ទាំងអស់នេះទាមទារឱ្យពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មានស្វែងយល់ដឹងឱ្យបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវពិសេសមុនចែកចាយព័ត៌មានណាមួយត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន៕












