មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែងបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដល់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ទាំង ៦ភូមិដើម្បីពិនិត្យាឱ្យបានត្រឹមត្រូវ 

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែងបានរៀបចំការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យស្ថិតនៅនៅភូមិទាំង៦ ក្នុងឃុំកំពង់ប្រាំង ក្នុងនោះមានភូមិកំពង់ប្រាំង ភូមិសំបួរ ភូមិល្វាកោង ភូមិពាក់ស្បៃ ភូមិព្រែតារ័ត្ន និងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែងដោយមានការអញ្ជើញចូលរួមពីលោក ពៅ វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  និងជានាយករងចាត់ការកម្មវិធីអនុវិស័យដីធ្លី ខេត្តព្រៃវែងព្រមទាំងអាជ្ញាធរឃុំ មេភូមិ ប្រជាពលរដ្ឋចូលរួមពិនិត្យ និងស្ដាប់ការពន្យល់ណែនាំយ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ពៅ វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក៏បានលើកឡើងអំពីលក្ខន្តិកៈ នីតិវិធីនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់នៅក្នុងមូលដ្ឋាននៃឃុំកំពង់ប្រាំងនេះដើម្បីឱ្យគាត់យល់ដឹងឱ្យកាន់តែច្បាស់អំពីនីតិវិធីទាំងអស់នោះធ្វើយ៉ាងណាដើម្បីឱ្យការងារនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ។

លោកអនុប្រធានមន្ទីរក៏បានបន្ថែមទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យគឺសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កាលដីត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីតាំងក្បាលដី ទំហំដី ទាំងអស់ដែលបានបិទផ្សាយនៅតាមភូមិរៀងៗខ្លួននោះ ដើម្បីធានាដល់ការចុះបញ្ជីនិងការធ្វើបណ្ណសម្គាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ជូនបងប្អូនប្រជាពលរដ្ឋពុំមានការខុសឈ្មោះ ឬខុសទីតាំងណាមួយនោះទេដែលកុំឱ្យមានការខាតបង់នៅថវិកា ឬក៏កែប្រែនៅពេលណាមួយដែលមានការចេញបណ្ណសម្គាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ជូនគាត់មានយឺតយ៉ាវនោះផងដែរ។

លោកអនុប្រធានមន្ទីរក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានដីនៅជាប់គ្នាត្រូវចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីជៀសវាងកុំឱ្យមានជម្លោះឬក៏ប្រភេទដីមានទំនាស់ដែលបណ្ដាលឱ្យការចេញបណ្ណសម្គាល់ម្ចាស់អចលនាវត្ថុ (ដែលហៅថា ប្លង់ដី) ធ្វើឱ្យរាំងស្ទះ ឬក៏ខកខានណាមួយនោះ។

សូមបញ្ជាក់ផងដែរថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល១៥ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយមានទីតាំងបិទផ្សាយនៅស្នាក់ការភូមិចំពោះក្បាលដីដែលបានបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យនេះមានចំនួន ៦,១៤២ ក្បាលដី ស្មើនឹង ៣,២៥៥គ្រួសារ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *