អភិបាលខេត្តកំពង់ចាមចុះអន្តរាគមន៍ដោយផ្ទាល់ បន្ទាប់ពីមានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងក្រុងកំពង់ចាម

 

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បើតាមមន្ត្រីនគរបាលបានឱ្យដឹងថា នៅវេលាម៉ោង ១៦:៤០នាទី ថ្ងៃកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គីភ័យ ឆេះផ្ទះដែលម្ចាស់ផ្ទះឈ្មោះ ជា សាវ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិសង្កាត់ដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាកម្លាំងនគបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមសហការជាមួយកម្លាំងការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល និងកម្លាំងអធិការនគរបាលស្រុកកំពង់សៀមព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនសង្កាត់ចេញអន្តរាគមន៍ជាបន្ទាន់ដល់កន្លែងកើតហេតុ។

ប្រភពដដែលបានឱ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៥ គ្រឿងគឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០៣គ្រឿង ស្រុកកំពង់សៀម ០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង និងបានប្រើប្រាស់ទឹកជួយពន្លត់ អស់ចំនួន ១៤រថយន្តទើបអគ្គីភ័យនោះត្រូវបានរលត់១០០% នៅវេលាម៉ោង ១៨:០០នាទី ។

ប្រភពដដែលបានឱ្យដឹងទៀតថា ករណីអគ្គីភ័យនោះ សមត្ថកិច្ចបានដាក់ការសង្ស័យ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីប៉ុន្តែយ៉ាងណាក៏ដោយ ករណីនេះមិនបណ្ដាលឱ្យមានរបួសដល់មនុស្សសត្វនោះឡើយ ។

ករណីខាងលើនេះផងដែរ សមត្ថកិច្ចមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *