លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចូលរួមលេងល្បែងកម្សាន្តប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដើម្បីញ៉ាំងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែបង្កភាពសប្បាយរីករាយ និងទុកជាអនុស្សាវរីយ៍

 

(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលកំពុងនាំគ្នាធ្វើដំណើរចូលមកលេងក្នុងខេត្តប៉ៃលិនដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ហើយនិងបង្កភាពសប្បាយរីករាយ ថែមទាំងផ្តល់ទុកនូវរូបភាពជាអនុស្សាវរីយ៍ផងដែរ។

ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះទាំងថ្នាក់ដឹកនាំខេត្ត ទាំងប្រជាពលរដ្ឋមកពីតាមភូមិនានាក្នុងខេត្តបាននាំគ្នាលេងល្បែងប្រជាប្រិយដូចជា ការលេងចោលឈូង ទាញព្រ័ត្រ បោះអង្គុញ លោតបាវ លាក់កន្សែង ស្វាដណ្តើមស្លឹក និងការរាំលេងកម្សាន្តបទប្រពៃណីខ្មែរ ។

ប្រភពដដែលបានបន្តទៀតថា «ថ្ងៃវិរៈវ័នបត» ថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ពេលរសៀល លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ «នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង» ចាប់ផ្តើមពីម៉ោង ១៤:០០នាទីរសៀលដោយលោកជំទាវក៏សូមអញ្ចើញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម ល្បែងប្រជាប្រិយ៍ជាច្រើនទៀតជាប្រពៃណីខ្មែរយើង។

ចំណែកភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខេត្តប៉ៃលិនពិតជាសប្បាយរីករាយក្នុងការចូលរួមលេងជាមួយនឹងថ្នាក់ដឹកនាំដោយម្នាក់ៗ មានការសើចក្អាកក្អាយពោរពេញទៅដោយអំណរហើយថែមទាំងបំបាត់នូវទុក្ខកង្វល់ក្នុងចិត្ត។ ម្យ៉ាងវិញទៀត កម្មវិធីនេះ ធ្វើឱ្យបងប្អូនកូនចៅអ្នករស់នៅក្នុងខេត្តប៉ៃលិននៅតែនឹកចាំ និងរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើងឱ្យកាន់តែគង់វង់ថែមទៀត។

បើតាមប្រភពព័ត៌មានពីភ្ញៀវទេសចរម្នាក់ ឈ្មោះ សុខ ឡាយ ភេទស្រី រស់នៅខេត្តបាត់ដំបង បានឱ្យដឹងដែរថា ពួកគាត់មានគ្នា៥នាក់ដោយធ្វើដំណើរចូលមកលេងក្នុងខេត្តប៉ៃលិនបានរយៈពេល២ថ្ងៃហើយ។ តែនៅថ្ងៃនេះ ពួកគាត់ពិតជាសប្បាយខុសពីធម្មតាដោយបានចូលរួមលេងរាំកម្សាន្តជាមួយនឹងថ្នាក់ដឹកនាំខេត្តប៉ៃលិនដែលម្នាក់ៗញញឹមបិទមាត់មិនជិតនោះឡើយ ហើយពួកគាត់ក៏មិនធ្លាប់ឃើញបែបនេះពីមុនមកដែរទើបតែចូលមកដល់ខេត្តប៉ៃលិនភ្លាមធ្វើឱ្យពួកគាត់សង្កេតឃើញថ្នាក់ដឹកនាំខេត្តមួយនេះជ្រើសរើសយកល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទដែលដូនតាបន្សល់ទុកឱ្យយកមកលេង និងប្រើប្រាស់ដែលធ្វើឱ្យពួកគាត់ញឹកចងចាំក្នុងខេត្តថា ពេលត្រឡប់ទៅវិញប្រាប់ដល់បងប្អូនកូនចៅៗតៗគ្នាឱ្យនាំគ្នាចូលមកលេងក្នុងខេត្តប៉ៃលិនសម្រាប់ឆ្នាំក្រោយៗទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *