ថ្ងៃចុងបញ្ចប់នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចររាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលទៅលេងកម្សាន្តក្នុងខេត្តប៉ៃលិនខណៈដែលខេត្តមួយនេះមានកន្លែងទេសចរណ៍ជាច្រើនកន្លែងរួមជាមួយនឹងរមណីយដ្ឋានទឹកធ្នាក់ភ្នំខៀវ

(ខេត្តប៉ៃលិន)៖ រហូតមកដល់ «ថ្ងៃវារៈឡើងស័ក» ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាំងពីព្រឹកព្រលឹមរហូតដល់ពេលរសៀល គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសមានអ្នកធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងបងប្អូនមកពីរាជធានីភ្នំពេញចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនស្របពេលដែលលោកជំទាវ អភិបាលខេត្តប៉ៃលិនដឹកនាំការលេងល្បែងកម្សាន្តនេះផ្ទាល់តែម្តង។

ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៦នេះ ពិតជាមានភ្ញៀវចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនច្រើនគួរឱ្យកត់សម្គាល់ពោលគឺចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះគ្មានថ្ងៃណាមួយថមថយនោះឡើយគឺកាន់តែច្រើនឡើងៗ ខណៈដែលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគាររកកន្លែងទំនេរគ្មាននោះឡើយហើយថែមទាំងអ្នកខ្លះរកកន្លែងស្នាក់នៅមិនបានក៏នាំគ្នាទៅស្នាក់នៅផ្ទះបងប្អូនផងដែរ។

ប្រភពបន្តទៀតថា ភ្ញៀវទេសចរទាំងអស់ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនគឺភាគច្រើនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅទឹកធ្លាក់ភ្នំខៀវដែលមានចំងាយពីទីរួមខេត្តប្រមាណ៦ទៅ៧គីឡូម៉ែត្រដែលមានទឹកធ្លាក់ជាច្រើនជាន់ ពេលភ្ញៀវទេសចរចូលទៅលេងកម្សាន្ត និងចុះហែលងូតទឹកលេងធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់ ហើយថែមទាំងជួយបន្ថែមនូវភាពស្រស់បំព្រងដល់អារម្មណ៍ជាពិសេសផ្តល់នូវក្តីសុខផ្លូវចិត្ត ធ្វើស្មារតីភ្លឺស្វាងថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះក៏មានរមណីយដ្ឋានតូចៗជាច្រើនទៀតដូចជា រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត រមណីយដ្ឋានស្ពានតារាប រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាង ដោយមានរូបសំណាកលោកយាយយ៉ាត សម្រាប់ឱ្យភ្ញៀវចូលទៅបួងសួងសុំនូវសេចក្តីសុខក្នុងក្រុមគ្រួសារ។

ប្រភពពីភ្ញៀវទេសចរម្នាក់ ឈ្មោះ ប៊ុន លី ភេទប្រុស មកពីខេត្តកំពង់ឆ្នាំងបានរៀបរាប់ឱ្យដឹងថា លោកពិតជាមានការភ្ញាក់ផ្អើលណាស់ខណៈធ្វើដំណើរជាមួយក្រុមគ្រួសារមកលេងក្នុងខេត្តប៉ៃលិនដោយឃើញថ្នាក់ដឹកនាំខេត្តត្បូងពេជ្រមួយនេះមិនចេះប្រកាន់ខ្លួនចូលរួមលេងកម្សាន្តជាមួយនឹងបងប្អូនប្រជាពលរដ្ឋបង្កភាពសប្បាយរីករាយជាពិសេសអាចឱ្យលោកសង្កេតឃើញនូវល្បែងប្រជាប្រិយរបស់ខ្មែរ ការរាំវង្ស រាំក្បាច់ ដែលសុទ្ធតែជារបស់ដូនតាខ្មែរបន្សល់ទុកឱ្យកាលពីសម័យមុន។ លោកបញ្ជាក់ទៀតថា ឆ្នាំនេះជីវិតរបស់ខ្លួនពិតជាទទួលបាននូវក្តីអំណរ ក្នុងរយៈពេល៣ថ្ងៃដែលធ្វើឱ្យលោកជាប់ចិត្តដិតអារម្មណ៍នឹងខេត្តដ៏តូចច្រលឹងមួយនេះហើយបើសិនជាមានឱកាសនាឆ្នាំក្រោយៗទៀត លោកនឹងបបួលនាំមិត្តភក្តិបងប្អូនឱ្យចូលមកលេងកាន់តែច្រើនថែមទៀតព្រោះខេត្តមួយនេះថ្នាក់ដឹកនាំពិតជាចូលរួមជាមួយប្រជាពលរដ្ឋយ៉ាងពេញទំហឹង។

សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ១៤:០០នាទីរសៀល ពិធីស្រង់ព្រះពុធបដិមាករ «នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង» (ថ្វាយគ្រឿងសក្ការៈបូជា, នមសក្កា សមាទានសិល, ដង្ហែព្រះពុទ្ធបដិមាករ, ព្រះសង្ឃស្រង់ព្រះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋស្រង់ព្រះ, ពិធីផ្សឹកភ្នំខ្សាច់ ទាញព្រាត់ )

ហើយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏សូមគោរពអញ្ចើញបងប្អូនប្រជាពលរដ្ឋទាំងអស់ និងភ្ញៀវទេសចរចូលរួមជួបជុំលេងល្បែងប្រជាប្រិយ៍ និង ប្រារព្ធពិធីតាមសាសនាចូលឆ្នាំប្រពៃណីខ្មែរ ពេលយប់ថ្ងៃចុងបង្ហើយដោយនាំគ្នាលេងរាំកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរទាំងអស់គ្នាដើម្បីរួមគ្នាលើកស្ទួយ បង្ហាញអំពីវប្បធម៌ប្រពៃណីខ្មែរនាយប់ថ្ងៃចុងក្រោយផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *